រដ្ឋាភិបាលវៀតណាម បានដាក់ផែនការក្នុងការពង្រឹងសមត្ថភាពវិស័យសុខាភិបាលនៅក្នុងទីក្រុងហូជីមិញឲ្យកាន់តែល្អប្រសើរ សំបូរបែប និងទំនើប ដើម្បីប្រែក្លាយទីក្រុងនេះទៅជាមជ្ឈមណ្ឌលសុខាភិបាល និងវេជ្ជសាស្ត្រមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍។ នេះ គឺជាគោលដៅមួយថ្មីបន្ថែមរបស់វៀតណាម ក្នុងការប្រែក្លាយបណ្តាទីក្រុងដែលមានសក្តានុពលរបស់ប្រទេសទៅជាមជ្ឈមណ្ឌលរួមសម្រាប់តំបន់។
តាមប្រភពព័ត៌មានដដែល មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលក្រុងហូជីមិញ លោក Nguyễn Thành Phong បានថ្លែងក្នុងជំនួបជាមួយនឹងក្រសួងសុខាភិបាលខ្លួន ថា លោក មានជំនឿមុតមាំថា គោលដៅនេះ ពិតជាអាចទៅរួច បន្ទាប់ពីក្រុមគ្រូពេទ្យក្នុងទីក្រុងដ៏មានសក្តានុពលរបស់វៀតណាមមួយនេះ បានប្រតិបត្តិការងារលើករណីពិសេសៗដោយជោគជ័យ រាប់បញ្ចូលទាំងលទ្ធភាពក្នុងការផលិតវ៉ាក់សាំង Covid-19 នៅក្នុងស្រុកផងដែរ។
ទន្ទឹមនឹងការដាក់គោលដៅនេះ រដ្ឋបាលក្រុងហូជីមិញ នឹងផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍន៍សេវាសុខាភិបាលសាធារណៈ និងសុខាភិបាលឆ្លាតវៃ ក៏ដូចជាតំបន់ឧស្សាហកម្មឱសថ។ ការពង្រឹងវិជ្ជាជីវៈ និងគុណភាព និងការអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងបណ្តុះបណ្តាលវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក ឲ្យមានស្តង់ដារអន្តរជាតិ ក៏ស្ថិតនៅក្នុងផែនការនេះដែរ។
គួរជម្រាបផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍរបស់វៀតណាម មានលក្ខណៈហក់លោត និងលេចធ្លោជាងគេមួយនៅក្នុងតំបន់។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែទាក់ទាញក្រុមហ៊ុនវិនយោគធំរបស់ពិភពលោកជាបន្តបន្ទាប់៕