Connect with us

ព័ត៌មានជាតិ

លក់បានថ្លៃណាស់! ត្រីប៉ាសេអ៉ី អាចលក់ក្នុងតម្លៃរហូតដល់ទៅ ៦០០,០០០រៀលក្នុងមួយគីឡូក្រាម

រាជធានីភ្នំពេញ៖ ត្រីប៉ាសេអ៉ី ដែលប្រជាជនខ្មែរខ្លះបានត្រឹមតែលឺឈ្មោះ និងដឹងត្រឹមថាមានតម្លៃថ្លៃនោះអាចលក់បានក្នុងមួយគីឡូក្រាមរហូតដល់ ៦០០,០០០រៀល ឯណោះ។ បើតាមការបញ្ជាក់របស់លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសជលផលនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាបនៅព្រះរាជាណាចក្រកម្ពុជា” បានឱ្យដឹងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីមានស្រកា ហើយមានវត្តមានតែនៅក្នុងទន្លេមេគង្គតែប៉ុណ្ណោះ ដោយឡែកនៅកម្ពុជាវារស់នៅប្រចាំតំបន់មេគង្គលើក្នុងខេត្តក្រចេះ (ចាប់ពីតំបន់កាំពីឡើងទៅខេត្តស្ទឹងត្រែង) ស្ទឹងត្រែង និងរតនៈគីរី។ ត្រីប៉ាសេអ៊ីស្ថិតនៅក្នុងអម្បូរ Cyprinidae ហើយមានឈ្មោះវិទ្យាសាស្ត្រ Mekong erythrospila មានប្រវែងវែងបំផុត ៥០សង់ទីម៉ែត្រ និងមានទម្ងន់អាចដល់ ២គីឡូក្រាម។

ពាក់ព័ន្ធនឹងតម្លៃនៅលើទីផ្សារត្រីប៉ាសេអ៉ី អាចលក់បានក្នុងមួយគីឡូចាប់ពី ២០០,០០០រៀល រហូតដល់ ៦០០,០០០រៀល ឯណោះគឺគិតទៅតាមទម្ងន់របស់ត្រី បើសិនជាត្រីមានទម្ងន់ចាប់ពី ១គីឡូគឺគិតជាប្រភេទត្រីលេខ១ ហើយអាចលក់បានក្នុងរង្វង់ ៤០០,០០០រៀល ទៅដល់ ៦០០,០០០រៀលឯណោះ។

ត្រីប៉ាសេអ៉ី មានរសជាតិឆ្ងាញ់ នេះបើតាមការឱ្យដឹងពីអ្នកដែលធ្លាប់ពិសា ហើយភាគច្រើនគេយកទៅស្ងោរជ្រក់។ មួយចំនួនតូចប៉ុណ្ណោះ ដែលគេយកទៅអាំង និងចំហុយ អ្នកខ្លះគេយកទៅធ្វើផ្អក ទុកហូប ឬលក់បន្ត។ មូលហេតុចំបងនៃការនិយមយកត្រីប៉ាសេអ៊ីទៅស្ងោរជ្រក់ព្រោះថា បន្ទាប់ពីស្ងោរជ្រក់ហើយ ទឹកនឹងមានពណ៌ក្រហមប្រៀបដូចជាការស្ងោរបង្កងហូបដូច្នោះដែរ។

គួរឱ្យដឹងផងដែរថា ត្រីប៉ាសេអ៉ីស្ថិតក្នុងបញ្ជីក្រហមដែលមានចំណាត់ថ្នាក់ជិតរងគ្រោះថ្នាក់ (Near Threatened) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ ១ ដែលជាពពួកត្រីសមានដូចជា៖ ត្រីគល់រាំង ត្រីរាជ ត្រីខ្លា ត្រីឆ្ពិនមាស ត្រីក្អែក ត្រីកញ្ជ្រូក ។ល។ ហើយត្រូវកំណត់ជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook