Connect with us

ព័ត៌មានសេដ្ឋកិច្ច

រាជរដ្ឋាភិបាលគាំទ្រ ទីផ្សាររថយន្តចិននៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលលើកឡើងថា ទីផ្សាររថយន្ដចិននៅកម្ពុជាមិនត្រឹមតែជួយលើក កម្ពស់និងជួយជំរុញដល់ការវិនិយោគផ្នែកឧស្សាហកម្មប៉ុណ្ណោះទេ គឺថែមទាំងជាកម្លាំងចលករ ដែលជួយរុញច្រានទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើនឡើង និងបង្កើតការងារក្នុងស្រុក ផងដែរ។

ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន មានប្រសាសន៍ថា ទីផ្សាររថយន្តចិននៅកម្ពុជាជាផ្នែកមួយដែលបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងកម្ពុជាកាន់តែមានភាពរឹងមាំ។

ថ្លែងក្នុងពិធីដាក់លក់ជាផ្លូវការនូវរថយន្តម៉ាក ហុងឈី (Hongqi H9) ដែលនាំចូលផ្តាច់មុខ ដោយ ក្រុមហ៊ុន មីង យ៉ាង របស់ប្រទេសចិន កាលពីរាត្រីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍រាល់ម៉ាករថយន្តដែលមាននៅក្នុងប្រទេសចិនទាំងអស់ មកកាន់កម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍នូវផ្នែកឧស្សាហកម្មធុនធ្ងន់ ដែលជំរុញដល់កំណើនសេដ្ឋកិច្ច និងបង្កើតការងារ ដល់ប្រជាជន។

ឯកឧត្តម បានបន្តថា វត្តមានរថយន្តហុងឈីH9 នៅលើទីផ្សារកម្ពុជា គឺជាការបង្ហាញ ខ្លួនលើកដំបូងនៃម៉ាកសញ្ញារថយន្តតំណាងឱ្យប្រទេសចិន ដែលត្រូវបានថ្នាក់ដឹកនាំកំពូលចិន ប្រើប្រាស់ផ្ទាល់ខ្លួន និងតែងតែប្រើប្រាស់ជាមធ្យោបាយសម្រាប់ស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំកម្ពុជាតាំងពីទសវត្សរ៍៧០រហូតដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ ការនាំចូលរថយន្តចិន មកកាន់កម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បាននិងកំពុងគាំទ្រគ្នា ទៅវិញទៅមកទាំងផ្នែកការទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ជាពិសេសការផ្តល់ជូន នូវសម្ភារ និងវ៉ាក់សាំងការពារការឆ្លងជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលចិនមកកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលបច្ចុប្បន្ន។

បើតាមការបញ្ជាក់របស់លោក ជូ សាយ អគ្គនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអន្តរជាតិ មីង យ៉ាង បានឱ្យដឹងថា រថយន្តហុងឈី គឺជាម៉ាកសញ្ញាដ៏ល្បីដែលត្រូវបានថ្នាក់ដឹកនាំនៅក្នុងប្រទេសចិន ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរ និងបដិសណ្ឋារកិច្ចនៅក្នុងកម្មវិធីធំៗ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook