Connect with us

ព័ត៌មានទាន់ហេតុការណ៍

ក្រុម Hacker មី​យ៉ាន់​ម៉ា វាយប្រហា​រវេ​ប​សាយ​រដ្ឋាភិបាលយោធា

ក្រុមចោរ​អ៊ីនធឺណិត នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ បាន​វាយប្រហារ​លើ​វេ​ប​សាយ​របស់​ស្ថាប័នរដ្ឋ​មី​យ៉ាន់​ម៉ា​ដូចជា​វេ​ប​សាយ​ធនាគារកណ្តាល ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ MRTV និង​រដ្ឋបាល​ឱសថ និង​អាហារ​ជាដើម​។ បើតាម​ការសរសេរ​ប​ង្ហោះ​លើ​បណ្តាញ​សង្គម​Facebook ក្រុមចោរ​អ៊ីនធឺណិត បាន​អះអាងថា ការវាយប្រហារ​នេះ ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ប្រឆាំងនឹង​ក្រុម​យោធា​។

បាតុកម្ម​នៅ​មី​យ៉ាន់​ម៉ា កាន់តែ​រីក​ធំ​ទៅៗ នៅ​ស្ទើ​តែ​ទូទាំងប្រទេស​។ ក្រៅពី​និស្សិត ព្រះសង្ឃ ប្រជាជន​សាមញ្ញ និង​តារា ក្រុមចោរ​អ៊ីនធឺណិត ក៏បាន​ប្រកាស​ចូលរួម​ក្នុងការ​ប្រឆាំងនឹង​រដ្ឋា​ភិ​បាល​យោធា​មី​យ៉ាន់​ម៉ា​ផងដែរ​។

«​គោលបំណង​របស់​យើង គឺ​ផ្តួល​រម្លំ​របប​សឹក​»​។ ក្រុមចោរ​អ៊ីនធឺណិត​មី​យ៉ាន់​ម៉ា បាន​សរសេរ​បែបនេះ​លើ​បណ្តាញ​សង្គម​Facebook របស់ខ្លួន​ក្នុង​ថ្ងៃទី​១៧ ខែកុម្ភៈ ដោយ​បន្ថែមថា ក្រុម​របស់ខ្លួន នឹង​ប្រយុទ្ធ​តាម​អន​ឡាញ ដើម្បី​លុបចោល​នាយកដ្ឋាន និង​ជំនួញ​សំខាន់ៗ ដែល​គាំទ្រ​របប​សឹក​។

​មកទល់ពេលនេះ ក្រុមចោរ​អ៊ីនធឺណិត បាន​វាយប្រហារ​លើ​វេ​ប​សាយ​របស់​ធនាគា​កណ្តាល​មី​យ៉ាន់​ម៉ា​, ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ MRTV, នាយកដ្ឋាន​ពាណិជ្ជកម្ម​, និង​រដ្ឋបាល​ថ្នាំពេទ្យ និង​អាហារ​ជាដើម​។ វេ​ប​សាយ​របស់​ស្ថាប័ន​ទាំងនេះ គាំង​មិន​ដំណើរការ​។ ទន្ទឹមនេះ ក្រុមចោរ​អ៊ីនធឺណិត ក៏បាន​ដាក់​គោលដៅ​វាយប្រហារ​លើ​វេ​ប​សាយ​ផ្សេងទៀត​ដែរ​ដូចជា នាយកដ្ឋាន​វិនិយោគ និង​រដ្ឋបាល​ក្រុមហ៊ុន​, នាយកដ្ឋាន​ពន្ធគយ​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawaddy​។

ការវាយប្រហារ​របស់​ក្រុម​អ៊ីនធឺណិត​នេះ ធ្វើឡើង​ស្របពេល​រដ្ឋាភិបាលយោធា បាន​កាត់ផ្តាច់​អ៊ីនធឺណិត​ស្ទើរតែ​ទាំងស្រុង នៅ​ពាក់​កណ្តាលយប់ និង​ត​ភ្ជាប់​ឡើងវិញ​នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក​។ គិត​ត្រឹម​ថ្ងៃទី​១៨ ខែកុម្ភៈ បណ្ដាញ​អ៊ីនធឺណិត បាន​ដាច់​នៅពេល​យប់ ៤​ថ្ងៃ​ជាប់​គ្នា​ហើយ​។

យ៉ាងណាមិញ អ្នកជំនាញ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត លោក Matt Warren យល់ឃើញថា ការវាយប្រហារ​ខាងលើ ធ្វើឡើង​ក្នុង​គោលបំណង​ទាញយក​ចំណាប់អារម្មណ៍​ពី​សាធារណៈជន​ប៉ុណ្ណោះ​។ បើតាម​អ្នកជំនាញ​រូបនេះ បែបផែន​នៃ​ការវាយប្រហារ ជាការ​ផ្អាក​ដំណើរ​វេ​ប​សាយ ដែល​ផលប៉ះពាល់​លើ​របប​សឹក​នៅមានកម្រិត ប៉ុន្តែ​ការធ្វើ​បែបនេះ មានការ​ទទួលស្គាល់​ច្រើន​ពី​ប្រជាជន​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook