Connect with us

ព័ត៌មានសេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក កើនដល់ជាង៥ពាន់លានដុល្លារអាមេរិក

ពេញមួយឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក សម្រេចបានសរុប ៥,៥០៩លានដុល្លារអាមេរិក កើនឡើង ១៦.៨៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានជាង ៤,៧១៣លានដុល្លារអាមេរិក។

ទន្និន័យខាងលើនេះ ត្រូវបានបង្ហាញ់ឡើងក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោក W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ។

នាឪកាសនោះ ភាគីទាំងពីរ បានគូសបញ្ជាក់ថា កម្ពុជា និងអាមេរិក នឹងបន្តធ្វើពាណិជ្ជកម្មជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត។

នៅចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិក, លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានលើកបង្ហាញអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ។ លោករដ្ឋមន្ត្រី បានអះអាងថា ទោះបីក្នុងវិបត្តិជំងឺកូវីដ-១៩ បង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសនៅលើពិភពលោកក៏ដោយ តែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក នៅតែមានការកើនឡើងនៅក្នុងឆ្នាំ២០២០។

លោករដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ ក្រោយមកវិស័យកម្មសិទ្ធិបញ្ញានេះ មានការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់។ ថ្មីៗនេះកម្ពុជា បានចូល និងកំពុងសិក្សាចូលជាសមាជិក នៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចសម្រួលពាណិជ្ជកម្ម ដែលថ្មីៗនេះ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធព័ត៌មាន (CamDX) សំដៅសម្រួលការចុះបញ្ជីពអាជីវកម្ម និងទាក់ទាញវិនិយោគបន្ថែមទៀត។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងឯកអគ្គរដ្ឋទូតអាមេរិក ក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យឌីជីថល។

លោក ប៉ាន សូរស័ក្តិ និងលោក Patrick Murphy ក៏បានពិភាក្សាលើការងារអាទិភាពផ្សេងទៀត ពាក់ព័ន្ធការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ហើយក៏បានបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។

សូមបញ្ជាក់ថា បើតាមរបាយការណ៍បានបញ្ជាក់ថា កម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៥,២៥៨លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ២៥០លានដុល្លារ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook