Connect with us

ព័ត៌មានទាន់ហេតុការណ៍

មុននឹងបើកវិស័យទេសចរណ៍ឡើងវិញ កោះ Phuket ចាប់ផ្ដើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ

ប្រទេសថៃ៖ កោះភូកេត (Phuket) ដែលជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពរបស់ប្រទេសថៃ នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំមួយ ក្នុងរយៈពេល ០២ខែខាងមុខទៀត ដើម្បីត្រៀមខ្លួនបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។

កោះ Phuket មានគោលបំណងផ្តល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួនយ៉ាងតិច ៤៦០,០០០នាក់ ជាការត្រៀមសម្រាប់ថ្ងៃទី០១ ខែកក្កដាខាងមុខនេះ នៅពេលដែលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងហើយ នឹងអាចចូលមកទស្សនាកោះនេះបានដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក។

អភិបាលរងខេត្តភូកេត លោក ពីយ៉ាពុង ឈូវ៉ុង (Piyapong Choowong) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា «ប្រសិនបើយើងអាចកសាងភាពស៊ាំ សម្រាប់ប្រជាជនពី ៧០ភាគរយទៅ ៨០ភាគរយនៃប្រជាជនសរុបនៅកោះនេះ យើងអាចទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងហើយ ចូលមកទស្សនាដោយមិនចាំបាច់ធ្វើចត្តាឡីស័កបានហើយ»។

គួរបញ្ជាក់ថា ខណៈដែលក្រុមបុគ្គលិកពេទ្យ សមាជិកគណៈរដ្ឋមន្រ្តី និងក្រុមមនុស្សចាស់ជរា ជាក្រុមដំបូងគេដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នេះ ការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃសម្រាប់ក្រុមបន្ទាប់ គឺផ្តល់អាទិភាពដល់ប្រជាជននៅលើកោះ Phuket មុនតំបន់ផ្សេងទៀតនៃប្រទេសនេះ ដែលបញ្ជាក់ពីតួនាទីដ៏សំខាន់មួយនៃវិស័យទេសចរណ៍ ដើម្បីជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះឱ្យងើបឡើងវិញ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook