Connect with us

ព័ត៌មានទាន់ហេតុការណ៍

វិភាគព្រឹត្តិការណ៍អន្តរជាតិ «បំបែកការឡោមព័ទ្ឋ»

ជាចលនាការទូតមួយផ្សេងទៀតគួរឱ្យចាប់អារម្មណ៍តាមដាន គឺករណីដែលរដ្ឋាភិបាលចិន ដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេស ធ្វើជាម្ចាស់ផ្ទះអញ្ជើញរដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានចំនួន ៤ រួមមានប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន ទៅប្រជុំហើយពិភាក្សាគ្នា នៅទីក្រុងណានពីង ខេត្តហ្វូជាន ឬខេត្តហុកគៀន ភាគអាគ្នេយ៍ប្រទេសចិន ក្នុងចន្លោះថ្ងៃទី ៣១ ខែមីនា – ២ មេសា កន្លងមកនេះ។

អ្នកវិភាគមើលឃើញថា គោលដៅសំខាន់នៃការងារនេះ ទីក្រុងប៉េកាំងចង់បង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងលើកកំពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង៤ ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានក្យូដូ ជប៉ុន បានឲ្យដឹងថា ចិនបានព្យាយាមធ្វើសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងរាលដាលនៃជំងឺ  Covid-19  និងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលរដ្ឋជាសមាជិកអាស៊ានជាច្រើន មានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយទីក្រុងប៉េកាំង ប៉ុន្តែត្រូវពឹងពាក់ទីក្រុងវ៉ាស៊ីនតោន រឿងសន្តិសុខ។

ក្នុងអំឡុងពេលប្រជុំ លោក វ៉ាង បានថ្លែងប្រាប់រដ្ឋមន្រ្តីក្រសួងការបរទេសសឹង្ហបូរី លោកវីវៀន បាឡាគ្រីសណាន់ ថា ប្រទេសចិនគាំទ្រឲ្យអាស៊ានប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងគ្នានិងគ្នា រួមទាំងការជួយបញ្ចប់វិបត្តិ និងបន្តស្ថេរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រទេសចិននិងសិង្ហបុរីគួរធ្វើការរួមគ្នាប្រឆាំង លទ្ធិជាតិនិយមវ៉ាក់សាំង និងលើកកំពស់ទំនាក់ទំនងចិន – អាស៊ាន ។

សំដីរបស់លោក វ៉ាង យី បង្ហាញថា ចិនមានគោលបំណងការពារអាស៊ាន មិនឲ្យកាន់តែជិតស្និទ្ធនឹងរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលបានចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករា ដើមឆ្នាំនេះ ក្នុងដំណើរការដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។

ទីក្រុងប៉េកាំងកំពុងផ្តោតលើការពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការបរិច្ចាគវ៉ាក់សាំង Covid-19 ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុននៅក្នុងប្រទេសចិន ទៅឲ្យប្រទេសជាសមាជិកអាស៊ាន ជាផ្នែកមួយនៃការលើកកម្ពស់គោលនយោបាយ “ការទូតវ៉ាក់សាំង” នៅជុំវិញពិភពលោក។

រដ្ឋាភិបាលគណបក្សកុម្មុយនិស្តចិន បដិសេធមិនថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ផ្ទុយពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយសារទីក្រុងប៉េកាំងមានទំនាក់ទំនងស៊ីជម្រៅយូរអង្វែងជាមួយកងទ័ពមីយ៉ាន់ម៉ា ដែលគ្រប់គ្រងប្រទេសអស់រយៈពេលជាងកន្លះសតវត្សរ៍ មុនមានការបន្ធូរបន្ថយផ្តល់អំណាចស៊ីវិល កាលពីប៉ុន្មានឆ្នាំមុននេះ។

កាសែតជាភាសាអង់គ្លេសឈ្មោះ Global Times នៅប្រទេសចិន ដែលជិតស្និទ្ធនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង បានរាយការណ៍ថា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា ប្រទេសចិននិងប្រទេសជាសមាជិកអាស៊ានមួយចំនួន បានឯកភាពលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងជាមួយគ្នាយ៉ាងតឹងរឹងនៅក្នុងកិច្ចការផ្ទៃក្នុងរវាងគ្នានិងគ្នា ផ្ទុយពីសហរដ្ឋអាមេរិក ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃឥតឈប់ឈរ តាមរយៈប្រតិបត្តិការឯកតោភាគី និងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច។

ប្រទេសមីយ៉ាន់ម៉ាមានសារៈសំខាន់ណាស់ចំពោះប្រទេសចិន ទាំងផ្នែកយុទ្ធសាស្ត្រសន្តិសុខនិងសេដ្ឋកិច្ច ជាផ្លូវ ឆ្លងកាត់ទៅកាន់មហាសមុទ្រឥណ្ឌា ដែលរដ្ឋាភិបាលចិនបានសាងសង់ផ្លូវដែក ផ្លូវថ្នល់ និងបំពង់បញ្ជូនប្រេង-ឧស្ម័ន ពីឆ្នេរសមុទ្រមីយ៉ាន់ម៉ាទៅខេត្តយូណាន ភាគនិរតី ធ្វើឲ្យត្រូវចំណាយទុនដ៏ច្រើនសម្បើម ដោយសារតែកប៉ាល់ដឹកទំនិញ ជាពិសេសប្រេងនិងឧស្ម័ន មិនចាំបាច់បើកវាងទៅឆ្លងតាមច្រកម៉ាឡាកា ឆ្លងកាត់សមុទ្រចិនខាងត្បូង ទៅឡើងនៅកំពង់ផែជាច្រើននៅភាគខាងកើតនៃប្រទេសចិន។

ការជួបប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ានចំនួន ៤ នៅទីក្រុងណានពីង របស់លោក វ៉ាង ជាផ្នែកមួយនៃនយោបាយការទូតបែបវាយលុករបស់ចិន ចាប់តាំងពីការជួបគ្នាយ៉ាងតានតឹង ជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកថ្មី លោក អាន់ថូនី ប្លីងខេន នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក កាលពីខែមុន។

លោក វ៉ាង បានទទួលស្វាគមន៍លោក សឺហ្គេ ឡាហ្វ្រូហ្វ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅទីក្រុងហ្គុយលីន តំបន់ស្វយ័តក្វាងស៊ីជួង កាលពីថ្ងៃទី ២៣ ខែមីនា មុនពេលចាកចេញទៅទស្សនកិច្ចប្រទេសចំនួន ៦ នៅមជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន ក្នុងពេលដែលនាយឧត្តមសេនីយ៍ វឺយ ហ្វឹងហឺ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួង ការពារជាតិ ធ្វើដំណើរទៅកាន់ប្រទេសចំនួន ៤ នៅអឺរ៉ុបខាងកើត។

អត្ថបទដែលបោះពុម្ពផ្សាយដោយទស្សនាវដ្តី Global Times កាលពីថ្ងៃទី ១ ខែមេសា បានសរសេរថាប្រទេសចិនកំពុងយកឈ្នះលើការខិតខំឡោមព័ទ្ធរបស់សហរដ្ឋអាមេរិក ហើយជារឿងងាយស្រួលណាស់សម្រាប់ប្រទេសចិនក្នុងការបំបែកការឡោមព័ទ្ធនេះ ដោយសារការដាក់ការឡោមព័ទ្ធប្រទេសចិន ជាគំនិតដែលគិតខុស ក្នុងចំណោមមនុស្សដែលគិតថា ខ្លួនឯងអស្ចារ្យគ្មានគូប្រៀប៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook