Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថានណែនាំមន្ទីរបរិស្ថានខេត្ត អនុវត្តវិធានការបិទគោលដៅទេសចរណ៍ធម្មជាតិឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីណែនាំដល់មន្ទីរបរិស្ថានរាជធានីខេត្តទាំងអស់ថា គ្រប់គោលដៅនៃតំបន់ទេសចរណ៍​​ធម្មជាតិ​​ទាំងអស់ ត្រូវតែអនុវត្តវិធានការបិទបណ្តោះអាសន្នឱ្យ មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ។

សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍​នៅទូទាំង​ប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សេចក្តីណែនាំរបស់ក្រសួងបរិស្ថានបានបញ្ជាក់ថា មន្ទីរបរិស្ថានរាជធានីខេត្តទាំងអស់ត្រូវសហការជាមួយរដ្ឋបាលខេត្ត អង្គភាព និងអាជ្ញាធ​រមូលដ្ឋានពាក់ព័ន្ធ ធ្វើការបិទរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដែលស្ថិតក្នុងតំបន់ការពា​រ​ធម្ម​​ជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នៃថ្ងៃទី៧ ខែមេសា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ត្រូវសហការ ត្រួតពិនិត្យ តាមដាន ហាមឃាត់នូវរាល់ការធ្វើដំណើរចេញ-ចូល និងមិនត្រូវអនុញ្ញាតឱ្យមានសកម្មភាព​សេវាកម្មទេសចរណ៍ណាមួយនៅតាមគោលដៅទេសចរណ៍ នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងអំឡុងពេល​​នៃការបិទជាបណ្តោះអាសន្ននេះជាដាច់ខាត។

តាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានបាននិង​​កំពុងការពារ និងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៧៤កន្លែង ដែលមានផ្ទៃដីសរុប៧,៣លានហិកតា ឬស្​មើប្រមាណ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន២១ របស់ប្រទេសកម្ពុជា ខណៈរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង មិនមានតំបន់ការពារធម្មជាតិ។

ឯកឧត្តម មានប្រសាសន៍ថា នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងនេះ គឺមានតំបន់មួយចំនួនមានសក្តានុពលផ្នែក​​ទេសចរណ៍ ក្នុងនោះមានសហគមន៍ទេសចរណ៍ធម្មជាតិចំនួន២៦ទីតាំង ត្រូវបានវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ព្រមទាំងគោលដៅទេសចរណ៍ជាច្រើនទៀតនៅ ក្នុងតំបន់ការពារធម្មជាតិ។

តំបន់ទេសចរណ៍ទាំងនោះដូចជារមណីយដ្ឋានទេសចរណ៍គិរីរម្យខេត្តកំពង់ស្ពឺ ភ្នំគូលែនខេត្តសៀមរាប ទឹកធ្លាក់ច្រកល្អៀងខេត្តពោធិសាត់ សហគមន៍ទេសចរណ៍ធម្មជាតិជីផាតខេត្តកោះកុង ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី បឹងយក្ខឡោម បឹងលម្កុដ ខេត្តរតនគិរីជាដើម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook