Connect with us

ព័ត៌មានជាតិ

កងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្កើនការរឹតបន្តឹង មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកដោយគ្មានការអនុញ្ញាត

ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរឹតបន្តឹង មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរ ចេញ-ចូល តាមផ្លូវគោក និងផ្លូវទឹក ដោយគ្មាន ការអនុញ្ញាតឡើយ ខណៈដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ រឹតត្បិតការចេញចូលរបស់ប្រជាពលរដ្ឋ ពីខេត្តមួយទៅខេត្តមួយ ដើម្បីកាត់ផ្តាច់កុំឲ្យមានការចម្លងថ្មីនៃជំងឺកូវីដ-១៩ ។

លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា ក្នុងដំណាក់កាលនៃការហាមឃាត់ ការចរាចររបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កុំឲ្យមានការរីករាលដាលជំងឺកូវីដ-១៩នេះ ពលរដ្ឋមួយចំនួន នៅតែល្មើសនឹងបម្រាមផ្សេងៗ លួចបន្លំចេញតាមគ្រប់រូបភាព។ លោកឧត្តមសេនីយ៍ត្រីបន្តថា ដើម្បីចូលរួមក្នុងការទប់ស្កាត់នៃការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ក្នុងអន្តរកាល នៃការបិទខ្ទប់មិនឱ្យមានការចេញចូលមកក្នុងរាជធានីភ្នំពេញ ឬក៏ចូលទៅក្នុងក្រុងតាខ្មៅ ក៏ដូចជាបណ្ដាខេត្តនានា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានពង្រាយកម្លាំងសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ បង្កើនការត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង មានក្រុមល្បាតចល័តតាមផ្លូវគោក ផ្លូវទឹក និងតំបន់ប្រឈមខ្ពស់ ដើម្បីទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់បំផុត មិនឲ្យប្រជាពលរដ្ឋលួចធ្វើចរាចរណ៍ ល្មើសនឹងបម្រាមគោចររបស់រាជរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ផងដែរថា កម្លាំងកងរាជអាវុធហត្ថ ក៏បានចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ ដល់មូលដ្ឋានផងដែរ នូវអ្វីដែលហាមឃាត់និងលក្ខខណ្ឌដែលប្រជាពលរដ្ឋអាចចេញបានក្នុងករណីចាំបាច់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook