Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកកម្មកម្ពុជាចូលរួមកិច្ចប្រជុំតុមូល កម្រិតរដ្ឋមន្ត្រីកសិកម្មអាស៊ីប៉ាស៊ីហ្វិកស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកកម្មកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមេសានេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចូលរួមកិច្ចប្រជុំតុមូល កម្រិតរដ្ឋមន្ត្រីកសិកម្មអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលរៀបចំឡើងដោយ ធនាគារពិភពលោកដើម្បីពិភាក្សាលើបញ្ហានានា និងស្វែងរកជម្រើស សកម្មភាពជាអាទិភាព ធានាឲ្យបាននូវនិរន្តរភាព នៃសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ក្នុងសុន្ទរកថាគន្លឺះរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ថ្លែងទៅកាន់អង្គប្រជុំ បានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាល កម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួន សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទប់ស្កាត់ការឆ្លងរីករាលដាល និង ការពារអាយុជីវិតប្រជាជន រក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារ, ខិតខំជួយឲ្យអស់លទ្ធភាពដើម្បីធ្វើឲ្យធុរកិច្ចនិងអាជីវកម្មអាចរស់បាន។

ឆ្លើយតបទៅនឹងទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធជនបទ ដើម្បីដោះស្រាយការងារធ្វើដល់អ្នកបាត់បង់ការងារ, កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មករ និយោជិត និង គ្រួសារក្រីក្រ, ការជួយរកការងារធ្វើឲ្យកម្មករតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ កម្មវិធីផ្តល់ប្រាក់កម្ចីការប្រាក់ទាប ដល់សហគ្រាសធុនតូចនិងមធ្យមនិងកសិកម្ម ការផ្តល់ធនធានបន្ថែមសម្រាប់ការបង្កើនផលិតកម្មស្បៀង និងការលើកលែង ពន្ធមួយចំនួនទៀត។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តគម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-១៩ ស្ថិតនៅក្រោម ក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលគាំទ្រហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានបញ្ជាក់ផងដែរថា ទោះជាកម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនក្នុងការអភិវឌ្ឍ វិស័យ កសិកម្ម ពិសេសគឺផលិតភាពកសិកម្មនៅមានកម្រិតទាប និងការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្ម នៅពុំទាន់ ដោះស្រាយបានល្អប្រសើរ ដែលទាំងនេះជាហេតុធ្វើឲ្យកសិករកម្ពុជាមានការលំបាក។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំដោយធនាគារពិភពលោក សម្របសម្រួលដោយលោកស្រី Mari Pangestu នាយកប្រតិបត្តិនៃធនាគារពិភពលោក ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តីក្រសួងកសិកម្មនៃប្រទេស ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ប៉ាពូញូហ្គីនេ ហ្វីលីពីន វៀតណាម និងទីម័រខាងកើត និងមានអង្គការស្បៀង និង កសិកម្មសហប្រជាជាតិ (FAO) អគ្គលេខាធិការអាស៊ាន និងអង្គការជាតិ និងអន្តរជាតិផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook