Connect with us

ព័ត៌មានទាន់ហេតុការណ៍

ឥណ្ឌា៣ថ្ងៃរកឃើញករណីឆ្លងកូវីដជិត១លាននាក់ ខណៈ​អ្នកជំងឺជាច្រើនត្រូវដេកតាមចិញ្ចឹមផ្លូវ​ នឹងខ្វះអុកសុីហ្សែនប្រើប្រាស់

(ញូដេលី)៖ នៅថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ប្រមាណ ៣២៣,១៤៤នាក់ទៀត។ ទោះបីជាចំនួននេះ ហាក់ទាបជាងថ្ងៃចន្ទម្សិលមិញបន្តិចមែន ប៉ុន្តែការរកឃើញអ្នកឆ្លងលើស ៣០០,០០០នាក់ក្នុងមួយថ្ងៃបែបនេះ បានកើតមានឡើង ០៦ថ្ងៃជាប់ៗគ្នាមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

បន្ថែមពីលើចំនួនករណីឆ្លងថ្មីៗ នៅតែបន្តកើនឡើងយ៉ាងគំហុកនោះ ចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិត ក្នុងមួយថ្ងៃៗក៏កំពុងកើនឡើងផងដែរ ដោយគិតត្រឹម ២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺចំនួន ២,៧៧១នាក់ទៀតបានស្លាប់។ ក្រោយការបូកសរុបទិន្នន័យថ្មីៗ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ១៧.៦២លានករណី ក្នុងនោះមានអ្នកស្លាប់សរុបជិត ១៩៨,០០០នាក់ និងជាសះស្បើយវិញ ១៤.៥៤លាននាក់។

ទោះជាបែបនេះក្តី អ្នកជំនាញជាច្រើននៅឥណ្ឌាបានអះអាងថា ចំនួនអ្នកឆ្លងជាក់ស្តែង អាចនឹងមានច្រើនជាងនេះ ព្រោះការធ្លាក់ចុះតួលេខ ដែលត្រូវបានប្រកាសចេញនៅថ្ងៃនេះ បើធៀបនឹងថ្ងៃចន្ទម្សិលមិញ គឺដោយសារតែយុទ្ធនាការធ្វើតេស្ត មានការធ្លាក់ចុះខ្លាំងប៉ុណ្ណោះ មិនមែនបណ្តាលមកពីការឆ្លងរាតត្បាត COVID-19 មានសភាពថមថយវិញនោះឡើយ។

គួរបញ្ជាក់ថា ចំពោះមុខការឆ្លងរាតត្បាត COVID-19 ដ៏អាក្រក់បំផុត នៅលើសកលលោកនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា អាមេរិកនឹងជួយឥណ្ឌាបន្ថែមទៀត។ ដោយឡែកអាល្លឺម៉ង់ កាណាដា និងអង់គ្លេសបានសម្រេចចិត្តជួយឥណ្ឌារួចទៅហើយ តាមរយៈការបញ្ជូនឧស្ម័នអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យចាំបាច់។
បន្ថែមពីខាងលើនេះ ប្រទេសបារាំងទើបបានប្រកាសថា ខ្លួននឹងដឹកឧបករណ៍ផលិតអុកស៊ីសែន និងធុងស្តុកអុកស៊ីសែនធំៗ ទៅកាន់ឥណ្ឌា ស្របពេលដែលក្រុមមន្ត្រីអង្គការសុខភាពពិភពលោក (WHO) រាប់ពាន់នាក់បាននិងកំពុងរៀបចំ ប្រតិបត្តិការជួយសង្គ្រោះឥណ្ឌា ទៅកាន់គោលដៅសំខាន់ៗ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook