Connect with us

ព័ត៌មានទាន់ហេតុការណ៍

បទយកការណ៍៖ឥណ្ឌាពេលនេះកុំថាឡើយខ្វះកន្លែងព្យាបាល សូម្បីកន្លែងកប់សពរកមិនទាន់ផងដោយសារឆ្លងនិងស្លា ប់ច្រើនលើសពីធម្មតា

ស្ថានភាព COVID-19 នៅប្រទេសឥណ្ឌា កំពុងតែស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតដែលមិនធ្លាប់មានពីមុនមក មនុស្សស្លាប់គរជើងគ្នារាល់ថ្ងៃ ដោយករណីឆ្លងវិញនោះក៏មិនតិចដែរ រាប់សែននាក់មួយថ្ងៃៗ ធ្វើអោយប្រទេសមហាអំណាចមួយនេះ ឈរជើងនៅលំដាប់លេខ១លើសកលលោកដែលមានអ្នកឆ្លងនិងស្លាប់ច្រើនជាងគេរាល់ថ្ងៃ។

ក្រុមអ្នកជំនាញបាននិយាយថា ការបើកឡើងវិញទាំងស្រុងនូវសេដ្ឋកិច្ចរបស់ឥណ្ឌា ការជួបជុំទ្រង់ទ្រាយធំនៅក្នុងពិធីបុណ្យសាសនា និងយុទ្ធានាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋដែលរៀបចំការបោះឆ្នោតបានធ្វើឲ្យរលកឆ្លងលើកទី២នេះកាន់តែអាក្រក់ទៅៗ។

ជាមួយគ្នានោះ កាលពីថ្ងៃចន្ទអ្នកកាន់សាសនាហិណ្ឌូជិតមួយលាននាក់បានប្រមូលផ្តុំគ្នានៅច្រាំងទន្លេគង្គាក្នុងទីក្រុង ហារីដវ៉ា (Haridwar) ភាគខាងជើងប្រទេសឥណ្ឌាដើម្បីចូលរួមពិធីងូតទឹកលាងបាបដែលធ្វើឡើងក្នុងរយៈពេលច្រើនខែដោយបង្កឲ្យមានការព្រួយបារម្ភពីការឆ្លងរាលដាលថែមទៀតនៃជំងឺកូវីដ១៩។

តាមកញ្ជាក់ទូសទស្សន៍របទេស បានបញ្ជាំងរូបភាពគួរអោយខ្លោចផ្សារអំពី អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា ត្រូវបានទុកចោលឲ្យដេកនៅលើហ្វ្រង់ការខាងក្រៅមន្ទីរពេទ្យ ខណៈដែលគ្រូពេទ្យបង្ខំចិត្តលែងទទួលអ្នកជំងឺ ចំពេលករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះ បានឈានដល់កម្រិតបំបែកកំណត់ត្រាពិភពលោក។

ថ្ងៃសុក្រនេះគឺជាថ្ងៃទី ៩ ហើយដែលប្រទេសឥណ្ឌាបានប្រកាស រកឃើញអ្នកឆ្លងជំងឺ COVID-19 ខ្ទង់ ៣សែននាក់ក្នុងមួយថ្ងៃបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់ ១៨.៧៥លាននាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។

នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 ទូទាំងប្រទេសសរុប ៣៨៦,៤៥២នាក់ទៀត ត្រូវបានរាយការណ៍ ថាជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៤៩៨នាក់បានស្លាប់ ថយចុះជាងពីថ្ងៃព្រហស្បតិ៍ម្សិលមិញបន្តិច។ ពេលនេះចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតសរុបនៅឥណ្ឌា កើនឡើងដល់ជាង ២០៨,៣០០នាក់, ១៥.៣៧លាននាក់ជាសះស្បើយឡើងវិញ និង ៣.១៧លាននាក់ទៀតកំពុងព្យាបាល ឬរង់ចាំការព្យាបាល។

ស្ថិតនៅចំពោះការអំពាវនាវពីអង្គការអន្តរជាតិ និងអ្នកជំនាញក្នុងស្រុកជាច្រើន ឲ្យរដ្ឋាភិបាលឥណ្ឌាបិទប្រទេសទាំងមូល ជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់រលកថ្មីនៃការឆ្លងរាតត្បាត COVID-19 រដ្ឋាភិបាលទីក្រុងញូដេលី ហាក់មិនអាចធ្វើតាមបាននោះឡើយ។ យ៉ាងណាក៏ដោយ មានតែរដ្ឋធានីញូដេលីមួយប៉ុណ្ណោះ ដែលត្រូវបានបិទទ្វារ ហើយវានឹងត្រូវអូសបន្លាយរហូតដល់ថ្ងៃទី០៣ ខែឧសភា។

ស្ថិតនៅក្នុងគ្រាអាសន្ននេះ យន្ដហោះយោធាដំបូងគេរបស់សហរដ្ឋអាមេរិក បានដឹកជញ្ជូនជំនួយបន្ទាន់ក្នុងនោះរួមមានទាំងអុកស៊ីសែន, ម៉ាស N95 និងឧបករណ៍ធ្វើតេស្ដ រហ័សជាដើមទៅដល់ប្រទេសឥណ្ឌាហើយនៅថ្ងៃសុក្រនេះ ហើយជំនួយទាំងនេះដែលគិតជាទឹកប្រាក់សរុបច្រើនជាង ១០០លានដុល្លារ នឹងបន្តមកដល់ឥណ្ឌាជាបន្តបន្ទាប់ទៀត។ ឥណ្ឌាក៏កំពុងជំរុញការផលិតអុកស៊ីសែនក្នុងស្រុកផងដែរ ដែលអាចនឹងបង្កើនចំនួនផ្គត់ផ្គង់រហូតដល់ ២៥% បន្ថែមទៀត នៅត្រឹមពាក់កណ្តាលខែឧសភាខាងមុខ។

រលក​ឆ្លង​ទី២ បាន​ជំរុញ​ប្រព័ន្ធ​ថែរក្សាសុខភាព​របស់​ឥណ្ឌា​ដល់​ដំណាក់​កាល​ជិត​ដួល​រលំ​ ដោយ​មន្ទីរពេទ្យ​ប្រឹងអស់​សមត្ថភាព​និង​កង្វះ​អុកស៊ីសែន​ខ្លាំង​ដែល​ធ្វើឱ្យ​ស្ថានភាព​កាន់​តែ​អស់សង្ឃឹម។ ឧទ្យាន​និង​កន្លែង​ចតរថយន្ត​ជាច្រើន​ត្រូវបាន​ប្តូរទៅ​ជាកន្លែង​បូជា​សព​បណ្តោះ​អាសន្ន​ដើម្បី​បូជាសព​ទាំងយប់​ទាំង​ថ្ងៃ។អ្វីដែលរិតតែធ្វើអោយខ្លោចផ្សារបន្ថែមទៀត រូបភាពពីអ្នកបានថតបង្ហោះលើបណ្តាញសង្គមនានា បានបង្ហាញពីសាកសពមនុស្សត្រូវអូសទំលាក់ក្នុងរណ្តៅរួមដ៏ធំមួយ ដែលមិនមានកន្លែងបញ្ជុះឬបូជាត្រឹមត្រូវនោះឡើយ។

កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​ឥណ្ឌា​ដើម្បី​ចាប់ផ្តើម​ចុះឈ្មោះ​ប្រជាជន​របស់​ខ្លួន​ចំនួន​១ពាន់ ៤រយ​លាន​នាក់​សម្រាប់​ចាក់វ៉ាក់សាំង​កូវីដ១៩ ​បាន​ជួបឧបសគ្គកាលពី​ថ្ងៃពុធ​ ខណៈ​ដែល​ប្រទេស​នេះ​ កំពុង​ប្រឈម​នឹង​ទម្ងន់​កំណើន​ការឆ្លង​រលក​ទី២យ៉ាងខ្លាំង។

រដ្ឋាភិបាល​បាន​បើក​គេហទំព័រ​សម្រាប់​ប្រជាជន​ឥណ្ឌា​ទាំងអស់​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ​ដើម្បី​ចុះឈ្មោះ​សម្រាប់​ចាក់​វ៉ាក់សាំង​ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍។ ទោះយ៉ាងណា​មនុស្សជា​ច្រើន​ បាន​ចូល​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នេះ​ដោយ​ត្អូញ​ត្អែរ​ថា គេហទំព័រ​នេះ ​បានគាំង​ ឬពួកគេមិន​អាច​ធ្វើការ​ណាត់​ជួប​បាន។

បញ្ហា​គេហទំព័រ​នេះ​ កើត​ឡើង​នៅពេល​ដែល​ក្រសួង​សុខាភិបាល​បាន​រាយ​ការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​៣៧​ម៉ឺន​ ៩ពាន់ ​២៥៧​ករណី ​កាលពីថ្ងៃ​ព្រហស្បតិ៍​ ទី២៩ ខែមេសា​នេះ ក្នុងនោះ​ មាន​អ្នក​ស្លាប់​៣.៦៤៥​ នាក់​ដែល​ជា​កំណត់ត្រា​មួយ​ទៀត​នៃ​ចំនួន​អ្នក​ស្លាប់​ក្នុង​មួយ​ថ្ងៃ។ តួលេខ​ថ្មី​ បាន​បង្កើន​ចំនួន​អ្នក​ឆ្លង​សរុប​ដល់​ជាង​១៨​លាន ​៣​សែន​នាក់អ្នកស្លាប់ ​ចំនួន​២០ម៉ឺន​ ៤ពាន់​៨៣២​នាក់។ នេះបើយោង​តាម​សាកលវិទ្យាល័យ Johns Hopkins។

តាមការរំពឹងទុកថា រលកទីពីរនៃជំងឺកូវីដ-១៩ ដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិតកំពូលនៅពាក់កណ្តាលខែ ឧសភា។

ការព្យាករណ៍ដែលបង្ហាញនៅក្នុងកិច្ចប្រជុំរវាងលោកនាយករដ្ឋមន្រ្តី Narendra Modi និងនាយករដ្ឋមន្រ្តីនៃរដ្ឋដែលរងផលប៉ះពាល់អាក្រក់បំផុត ដោយសារជំងឺកូវីដ-១៩ បានបង្ហាញថា បន្ទាប់ពីរដ្ឋ Maharashtra រដ្ឋ Gujarat និងរដ្ឋធានី New Delhi, រដ្ឋភាគខាងជើង Uttar Pradesh នឹងក្លាយជាចំណុចក្តៅដ៏ធំ ដោយមានការឆ្លងថ្មីជាង ៨០,០០០ករណី ត្រូវរាយការណ៍ជារៀងរាល់ថ្ងៃ។

នៅពេលឈានដល់ចំណុចកំពូល ករណីជំងឺកូវីដ-១៩នៅក្នុងប្រទេសអាស៊ីមួយនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥០០,០០០ករណីក្នុងមួយថ្ងៃ ហើយអាចនឹងធ្លាក់ចុះវិញនៅចន្លោះខែមិថុនាដល់ខែកក្កដា។

រដ្ឋ Uttar Pradesh ត្រូវបានគេរំពឹងថា នឹងទទួលរងការខ្វះខាតប្រចាំថ្ងៃដូចជាខ្វះគ្រែដែលមានអុកស៊ីសែនផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន១៦,៧៥២គ្រែ, គ្រែសង្គ្រោះបន្ទាន់ចំនួន៣,០៦១គ្រែ និងម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមយ៉ាងតិច១,៥៣៨គ្រឿង។

បច្ចុប្បន្ននេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា ត្រូវបានទុកចោលឲ្យដេកនៅលើហ្វ្រង់ការឬនៅក្នុងឡានរបស់ពួកគេ ខាងក្រៅមន្ទីរពេទ្យ ព្រោះតែពេទ្យលែងមានកន្លែងដាក់។ គិតមើលទៅថា ប្រសិនបើបណ្តោយអោយស្ថានការណ៍នេះបន្តកើតមានបន្តទៀត តើឥណ្ឌានឹងក្លាយទៅជាយ៉ាងណា បើរាល់ថ្ងៃមើលអនោចអាធ័មទៅហើយនោះ។

នេះក៏ចាត់ទុកជាមេរៀនដល់បណ្តាប្រទេសដ៏ទៃទៀត កុំអោយមើលស្រាល ស្ថានការណ៍និងមានជំនឿងុបងុលរហូតលែងខ្លាចជំងឺនេះ អោយសោះ បើមេដឹកនាំប្រទេសគ្រប់គ្រងគិតគូរមិនបានល្អ ហើយប្រជាជាជនចចេសមានៈ ចង់ធ្វើអីតាមចិត្តនោះច្បាស់ណាស់ពួកគេអាចនឹងមានវាសនាដូចប្រទេស ឥណ្ឌាពេលនេះចឹងអែង៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook