Connect with us

ព័ត៌មានជាតិ

ការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋនៅតំបន់ក្រហមដែលជួបការលំបាកខ្លាំង គ្រោងអនុវត្តនៅខែមិថុនាខាងមុខ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានឹងឧបត្ថម្ភជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម និងប្រជាពលរដ្ឋដែលកំពុងតែជួបការ លំបាកខ្លាំងក្នុងអំឡុងពេលបិទខ្ទប់ នឹងចាប់ផ្តើមអនុវត្តក្នុងខែមិថុនាខាងមុខនេះ ដើម្បីសម្រួលជីវភាពរបស់ពួកគាត់បានមួយកម្រិត។

ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានមានប្រសាសន៍ ឲ្យដឹងថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ក្រហម តំបន់បិទខ្ទប់ និងគ្រួសារ ដែលមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ គឺពួកគាត់ប្រឈមនឹងបញ្ហាជីវភាពប្រចាំថ្ងៃ ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា នៅតែយកចិត្ត ទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបន្តការផ្តល់ជំនួយជាស្បៀងអាហារជូនពួកគាត់ដែលកំពុងតែជួបការលំបាក។

ឯកឧត្តមបានបន្តថា ការជួយឧបត្ថម្ភជាសាច់ប្រាក់នាពេលខាងមុខនេះ នឹងចាប់ផ្តើមក្នុងខែមិថុនា បន្ទាប់ពីក្រុមការជួប សម្ភាសន៍ដើម្បី ជ្រើសរើស ពលរដ្ឋក្រីក្រ និងខ្វះខាតពិតប្រាកដរួចរាល់ហើយនោះ។

ឯកឧត្តមបានបន្តទៀតថា ចំពោះការផ្តល់ជាជំនួយនេះដែរ ចែកចេញជាបីសណ្ឋានផ្សេងគ្នា បើសិនជាក្នុងគ្រួសារមានតែម្នាក់ឯង អាចទទួលបាននូវប្រាក់ឧបត្ថម្ភដោយគិតបូកបញ្ជូលទាំងស្បៀងអាហារ ថ្លៃទឹកនិងភ្លើង សរុប១៥៦,០០០រៀល បើសិនមានសមាជិក ចាប់ពី២ទៅ៣នាក់ អាចទទួលបាននូវប្រាក់ឧបត្ថម្ភសរុប ២៤៣,៧០០រៀល និងពី៤នាក់ឡើងទៅអាចទទួលបាននូវប្រាក់ឧបត្ថម្ភសរុប ៣១១,០០០រៀល។ជាមួយគ្នានោះ ចំពោះគ្រួសារដែលស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺកូវីដ-១៩ ក៏អាចទទួលបានថវិការ៣០ម៉ឺនរៀល និងការមិនបង់ថ្លៃទឹកភ្លើងរយៈពេល៥ខែផងដែរ ប៉ុន្តែថវិកានេះគឺផ្តល់ឲ្យតែម្ដងប៉ុណ្ណោះ។

សូមបញ្ជាក់ថា យន្តការនៃការអនុវត្តន៍កម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ដល់គ្រួសារមានកម្រិតជីវភាពទាប និងការ ផ្តល់ជំនួយសង្គមសម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ និងការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍២០កុម្ភៈ នឹងអនុវត្តតាម ប្រព័ន្ធធនាគារវីង ដោយភ្នាក់ងារវីងនឹងយកលុយជូនដល់ផ្ទះតែម្តង សម្រាប់គ្រួសារមានកម្រិតជីវភាពទាបក្នុងតំបន់ក្រហម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook